3. Treatment & living well (Khmer)
icon_print_pdf
 

៣.១ តើមានវិធីព្យាបាលអ្វីខ្លះ សំរាប់ជំងឺរលាកថ្លើមប្រភេទ C ?

៣.២ តើអត្ថប្រយោជន៍នៃ ការព្យាបាលជំងឺរលាកថ្លើមប្រភេទ C មានអ្វីខ្លះ?

៣.៣ តើអ្នកណាខ្លះអាចទទួលបានការព្យាបាលជំងឺរលាកថ្លើមប្រភេទ C ?

៣.៤ តើការព្យាបាលត្រូវការចំណាយប្រាក់អស់ប៉ុន្មានដែរ?

៣.៥ ត្រៀមខ្លួនជាស្រេចសំរាប់ការព្យាបាល

៣.៦ វិធីព្យាបាលបន្ថែម រឺការព្យាបាលដោយវិធីបុរាណ

៣.៧ ការព្យាបាលជំងឺរលាកថ្លើមប្រភេទ C និងការមានផ្ទៃពោះ

៣.៨ ប្រសិនបើអ្នកកំពុងប្រើប្រាស់គ្រឿងញៀន

ឬកំពុងធ្វើការព្យាបាលពីគ្រឿងញៀននោះ

៣.៩ រៀបចំខ្លួនសំរាប់ការណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត

៣.១០ ការទទួលបានការព្យាបាល ពេលវេលា និងការប្តេជ្ញាខិតខំប្រឹងប្រែង

៣.១១ តើអ្នកណាខ្លះអាចចេញវេជ្ជបញ្ជាសំរាប់ព្យាបាល ជំងឺរលាកថ្លើមប្រភេទ C?

៣.១២ តើខ្ញុំត្រូវតែជួបនឹងវេជ្ជបណ្ឌិត កំឡុងពេលកំពុងទទួលការព្យាបាល ដែររឺទេ?

៣.១៣ តើខ្ញុំអាចទទួលបានថ្នាំព្យាបាលពីទីណា?

៣.១៤ ការគ្រប់គ្រងផលប៉ះពាល់នៃថ្នាំ

៣.១៥ ការថែទាំខ្លួនក្នុងកំឡុងពេលកំពុងទទួលការព្យាបាល

៣.១៦ ការគាំទ្រ

៣.១ តើមានវិធីព្យាបាលអ្វីខ្លះ សំរាប់ជំងឺរលាកថ្លើមប្រភេទ C ?

មានវិធី/ថ្នាំព្យាបាលប្រភេទថ្មីៗសំរាប់ប្រើប្រាស់ព្យាបាលជំងឺរលាកថ្លើមប្រភេទ C ។ វាមានប្រសិទ្ធិភាពខ្ពស់ ងាយស្រួលលេប និងមានផលប៉ះពាល់តិចជាងមុន ។

វិធី/ថ្នាំព្យាបាលប្រភេទថ្មីៗទាំងនេះមិនត្រឹមតែមានឱកាសអាចព្យាបាលអោយជាសះស្បើយពី ៩០% ដល់ ៩៥% នោះទេ រយះពេលនៃការព្យាបាលក៏ខ្លីជាងមុនយ៉ាងច្រើន ។

វេជ្ជបណ្ឌិត (GP) ព្រមទាំងគ្រូពេទ្យឯកទេស អាចចេញវេជ្ជបញ្ជា ដែលធើ្វអោយងាយស្រួលសំរាប់អ្នកជំងឺ ។

វិធី/ថ្នាំព្យាបាលប្រភេទថ្មីៗនេះមានឈ្មោះថា Direct-Acting Antiviral រឺ DAAs ដែលមានរូបភាពជាថ្នាំគ្រាប់ ។ ហើយក្នុងករណីខ្លះ ប្រភេទថ្នាំផ្សេងទៀតដែលមានឈ្មោះថា Ribavirin និង Pegylated Interferon អាចនឹងរួមបញ្ចូលក្នុងវិធីព្យាបាល ។ Pegylated Interferon ជាប្រភេទថ្នាំចាក់ ។

ការព្យាបាលទាំងមូលអាចនឹងចំណាយរយៈពេលពី ៨ ទៅ ២៤ សប្តាហ៍ ហើយអ្នកមានជំងឺរលាកថ្លើមប្រភេទ C ទាំងអស់គឺត្រូវបានគេជំរុញណែនាំអោយទទួល ការព្យាបាល ។

វេជ្ជបណ្ឌិតរបស់អ្នកនឹងធ្វើការបកស្រាយពន្យល់ដល់អ្នកថាតើការព្យាបាលមួយណា ល្អបំផុតសំរាប់អ្នក ហើយត្រូវលេបថ្នាំនោះរយៈពេលយូរប៉ុណ្ណា ។ ហេតុដូច្នេះហើយមុននឹងសំរេចចិត្តធ្វើការព្យាបាល វាមានសារៈសំខាន់ណាស់ដែលអ្នកធ្វើការស្វែងយល់ពត៌មានអំពីការព្យាបាលអោយបានច្រើនតាមតែអាចធ្វើបាន ។

ខិតប័ណ្ណពត៌មាននេះ នឹងជួយអ្នកអោយយល់អំពីការព្យាបាលទាំងនេះ ។ យ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតរបស់អ្នកអាចឆ្លើយនឹងសំណួរផ្សេងៗដែលអ្នក ។

៣.២ តើអត្ថប្រយោជន៍នៃ ការព្យាបាលជំងឺរលាកថ្លើមប្រភេទ C មានអ្វីខ្លះ?

មូលហេតុខ្លះៗក្នុងការធ្វើការព្យាបាល ជំងឺរលាកថ្លើមប្រភេទ C រួមមានដូចជា៖

  • ព្យាបាលមេរោគរលាកថ្លើមអោយអស់
  • ធ្វើអោយសុខភាពអ្នកប្រសើរឡើង
  • ការពារខូចថ្លើម និងមហារីកថ្លើម
  • រស់នៅបានអាយុវែង

៣.៣ តើអ្នកណាខ្លះអាចទទួលបានការព្យាបាលជំងឺរលាកថ្លើមប្រភេទ C ?

វិធី/ថ្នាំព្យាបាលប្រភេទថ្មីៗទាំងនេះមានផ្តល់ជូនដល់អ្នកគ្រប់គ្នាដែលមានជំងឺរលាកថ្លើមប្រភេទ C ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងមានកាត Medicare ។

៣.៤ តើការព្យាបាលត្រូវការចំណាយប្រាក់អស់ប៉ុន្មានដែរ?

វិធី/ថ្នាំព្យាបាលជំងឺរលាកថ្លើមប្រភេទ C ប្រភេទថ្មីៗទាំងនេះគឺត្រូវបានឧបត្ថម្ភដោយ រដ្ឋាភិបាលប្រទេសអូស្ត្រាលី តាមរយះ គ្រោងការណ៍អត្ថប្រយោជន៍ឱសថ (PBS) ។ នេះមានន័យថា ប្រសិនបើអ្នកមានកាត Medicare នោះរដ្ឋាភិបាលនឹងចេញថ្លៃព្យាបាលនោះស្ទើរតែទាំងអស់ ហើយអ្នកចំណាយប្រាក់តែបន្តិចប៉ុណ្ណោះ ។ ហើយប្រសិនបើអ្នកមានកាត Health Care រឺ កាតអ្នកចូលនិវត្តន៍ (Pension Card) ថ្លៃ រឹតតែថោកទៅទៀត ។

ប្រសិនបើអ្នកមិនមានកាត Medicare នោះអ្នកមិនមានសិទ្ធទទួលបានព្យាបាលដែលរដ្ធាភិបាលជួយចេញថ្លៃនោះទេ ។ ចូរអ្នកភិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នក អំពីវិធីផ្សេងៗទៀតដែលអ្នកអាចទទួលបានការព្យាបាល ។

៣.៥ ត្រៀមខ្លួនជាស្រេចសំរាប់ការព្យាបាល

វេជ្ជបណ្ឌិតរបស់អ្នកនឹងធ្វើតេស្តមួយចំនួន មុននឹងចាប់ផ្តើមការព្យាបាល និងព្រមទាំងត្រូវការពត៌មានមួយចំនួនស្តីអំពី សុខភាពជាទូទៅ និង របៀបរស់នៅរបស់អ្នក ។ ទាំងនេះនឹងជួយដល់វេជ្ជបណ្ឌិតរបស់អ្នក ក្នុងការធ្វើការសំរេចចិត្តថាតើការព្យាបាលមួយណាល្អបំផុតសំរាប់អ្នក និងថាតើអ្នកគួរតែជួបនឹងគ្រូពេទ្យឯកទេសដែររឺទេ ។

តេស្តឈាម

អ្នកអាចនឹងតំរូវអោយធ្វើតេស្តឈាមដើម្បី៖

  • បញ្ជាក់ថាអ្នកមានមេរោគរលាកថ្លើមប្រភេទ C
  • ស្វែងរកអំពីប្រភេទមេរោគរលាកថ្លើមប្រភេទ C ដែលអ្នកឆ្លង
  • ពិនិត្យរកការរលាកថ្លើម រឺ ការខូចខាតនៃថ្លើម

Fibroscan

Fibroscan ជាម៉ាស៊ីនមួយដែលឆែករកការក្រិនថ្លើម ។ វាស្រដៀងនឹងការថតអេកូ ដែលមិនមានការឈឺចាប់ពេលថតទេ ។

តេស្តផ្សេងៗទៀត

វេជ្ជបណ្ឌិតរបស់អ្នកអាចនឹងធ្វើតេស្តផ្សេងៗទៀតដើម្បី ពិនិត្យសុខភាពជាទូទៅរបស់អ្នក ដូចជាជំងឺអេដស៍ ជំងឺរលាកថ្លើមប្រភេទ B និងតេស្តមានផ្ទៃពោះ ។

ប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក

វេជ្ជបណ្ឌិតរបស់អ្នកត្រូវតែដឹងថាតើពីមុនអ្នកធ្លាប់បានទទួលការព្យាបាលជំងឺរលាកថ្លើមប្រភេទ C ដែររឺទេ ថាតើអ្នកមានបញ្ហាសុខភាព ដទៃទៀតដែររឺទេ និងថាតើអ្នកកំពុងពិសារថ្នាំដទៃទៀត ដែលរួមមានទាំងការព្យាបាលបំពេញបន្ថែម ។ នេះវាមានសារៈសំខាន់ពីព្រោះថាថ្នាំខ្លះអាចមានប្រតិកម្ម នឹងថ្នាំព្យាបាលជំងឺរលាកថ្លើមប្រភេទ C ដែលបណ្តាលអោយការព្យាបាលមានប្រសិទ្ធិភាពខ្សោយជាងធម្មតា រឺមានប្រតិកម្មផលប៉ះពាល់អាក្រក់ ។ ថ្នាំព្យាបាលជំងឺរលាកថ្លើមប្រភេទ C ក៏អាចមានប្រតិកម្ម និងថ្នាំដទៃទៀតដែលអ្នកកំពុងលេប និងបង្កជាផលប៉ះពាល់អាក្រក់ ។

របៀបរស់នៅរបស់អ្នក

អ្នកត្រូវតែលេបថ្នាំនោះដូចទាំងស្រុងតាមដែលវេជ្ជបណ្ឌិតណែនាំ ដើម្បីអោយថ្នាំនោះមានប្រសិទ្ធិភាពល្អ ។ នេះគេអោយឈ្មោះថា ការប្រកាន់ខ្ជាប់ ។ វេជ្ជបណ្ឌិតរបស់អ្នកអាចនឹងសួរសំណួរផ្សេងៗទាក់ទងនឹងរបៀបរស់នៅរបស់អ្នក ពីព្រោះថាអាចមានករណីខ្លៈធ្វើអោយអ្នកមានភាពលំបាកក្នុងការទទួលទានថ្នាំជាប្រចាំរាល់ថ្ងៃ ។ វេជ្ជបណ្ឌិតរបស់អ្នកអាចជួយរកវិធីក្នុងការគ្រប់គ្រងករណីបែបនេះ និងអាចប្រាប់អ្នកអំពីវិធីដោះស្រាយប្រសិនបើអ្នកភ្លេចទទួលទានថ្នាំតាមការកំណត់ណាមួយ ។

៣.៦ វិធីព្យាបាលបន្ថែម រឺការព្យាបាលដោយវិធីបុរាណ

អ្នកខ្លះប្រើវិធីព្យាបាលដោយឱសថ រឺ វិធីព្យាបាលបុរាណ ដូចជា ការចាក់ម្ជុលវិជ្ជាសាស្ត្រ homeopathy ឱសថបុរាណចិន វិធីព្យាបាលដោយឱសថរុក្ខជាតិ វិតាមីន និងអាហារបំប៉ន ដើម្បីជួយព្យាបាលជំងឺ ។ វិធីព្យាបាលបន្ថែមទាំងនេះអាចនឹងមានផលប៉ះពាល់លើការព្យាបាលជំងឺរលាកថ្លើមប្រភេទ C ហេតុដូច្នេះហើយវាជាការចាំបាច់ណាស់ដែលអ្នកប្រាប់វេជ្ជបណ្ឌិតរបស់អ្នក អំពីវិធីព្យាបាលបន្ថែមដែលអ្នកកំពុងប្រើប្រាស់រឺកំពុងគិតនឹងប្រើប្រាស់ ។

៣.៧ ការព្យាបាលជំងឺរលាកថ្លើមប្រភេទ C និងការមានផ្ទៃពោះ

ប្រសិនបើអ្នកជាស្ត្រី អ្នកមិនអាចទទួលទានថ្នាំព្យាបាលជំងឺរលាកថ្លើមប្រភេទ C ខណៈពេលមានផ្ទៃពោះ រឺកំឡុងពេលបំបៅដោះកូនបានទេ ដោយហេតុថាថ្នាំនោះអាចមានផលប៉ះពាល់អាក្រក់ដល់ទារក ។

ប្រសិនបើអ្នកជាបុរស ហើយកំពុងព្យាបាលដោយថ្នាំ Ribavirin នោះភរិយារបស់អ្នកមិនគួរមានផ្ទៃពោះ រឺមានគំរោងមានផ្ទៃពោះ ខណៈពេលដែលអ្នកទទួលទានថ្នាំនោះទេ ។

ចូរអ្នកសួរទៅកាន់វេជ្ជបណ្ឌិតរបស់អ្នកអំពីវិធីពន្យាកំណើត ដែលមានសុវត្ថិភាពខណៈពេលដែលអ្នកកំពុងទទួលបានការព្យាបាលជំងឺរលាកថ្លើមប្រភេទ C ។ ប្រសិនបើការព្យាបាលអ្នក រួមមានថ្នាំ Ribavirin វេជ្ជបណ្ឌិតរបស់អ្នកអាចនឹងអោយអ្នកប្រើវិធីពន្យាកំណើតពីរវិធី ។

ក្រោយពេលការព្យាបាលជំងឺរលាកថ្លើមប្រភេទ C របស់អ្នកបានបញ្ចប់ អ្នកនិងដៃគូរបស់អ្នកនឹងត្រូវរង់ចាំមួយរយៈសិន មុនពេលនឹងមានផ្ទៃពោះដើម្បីអោយមានសុវត្ថិភាព ។ ប្រសិនបើការព្យាបាលរបស់អ្នក រួមមានថ្នាំ Ribavirin អ្នកត្រូវតែរង់ចាំរយះពេល ៦ខែមុនពេលនឹងមានផ្ទៃពោះ ។ ប្រសិនបើការព្យាបាលរបស់អ្នក មិនរួមមានថ្នាំ Ribavirin នោះអ្នកត្រូវរង់ចាំរយះពេលតែ ៦សប្តាហ៍តែប៉ុណ្ណោះ ។

៣.៨ ប្រសិនបើអ្នកកំពុងប្រើប្រាស់គ្រឿងញៀន ឬកំពុងធ្វើការព្យាបាលពី គ្រឿងញៀននោះ

អ្នកដែលកំពុងទទួលទាន methadone រឺទទួលការព្យាបាល គ្រឿងញៀនដទៃទៀត ក៏អាចទទួលការព្យាបាលជំងឺរលាកថ្លើមប្រភេទ C អោយបានជោគជ័យដែរ ។ អ្នកដែលកំពុងប្រើប្រាស់ថ្នាំញៀន ក៏ត្រូវបានគេជំរុញអោយទទួលការព្យាបាលជំងឺរលាកថ្លើមប្រភេទ C ផងដែរ ។

ការព្យាបាលជំងឺរលាកថ្លើមប្រភេទ C ដែលបានជោគជ័យ មិនមានន័យថាអ្នកនឹងមិនឆ្លងជំងឺរលាកថ្លើមប្រភេទ C ម្តងទៀតនោះទេ ។ ហេតុដូច្ឋេះហើយវាមានសារៈសំខាន់ណាស់ដែរអ្នកមិនប្រើប្រាស់ម្ជុលចាក់ថ្នាំញៀនរួមគ្នា ដើម្បីជៀសវាងការឆ្លងជំងឺរលាកថ្លើមប្រភេទ C ម្តងទៀត ។

ចូរអ្នកប្រាប់ទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកកំពុងទទួលទាន methadone  រឺការព្យាបាលផ្សេងៗទៀត រឺកំពុងប្រើប្រាស់ថ្នាំញៀន ពីព្រោះថាកំរិតនៃការប្រើប្រាស់ថ្នាំជំងឺរលាកថ្លើមប្រភេទ C អាចនឹងប្រែប្រួលតាមនោះ ។

៣.៩ រៀបចំខ្លួនសំរាប់ការណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត

វាជាការល្អប្រសិនបើយើងត្រៀមសំនួរទាំងឡាយ អំពីអ្វីដែលយើងចង់ដឹង មុននឹងទទួលការព្យាបាល ។ ខាងក្រោមជាសំនួរខ្លះៗ ដែលលោកអ្នកប្រហែលជាចង់សួរទៅវេជ្ជបណ្ឌិតរបស់អ្នក ៖

  • តើការព្យាបាលមួយណាដែលល្អបំផុតសំរាប់ខ្ញុំ?
  • តើខ្ញុំត្រូវធ្វើតេស្តណាខ្លះមុនការព្យាបាល?
  • តើខ្ញុំត្រូវទទួលទានថ្នាំញឹកញាប់យ៉ាងណា និង របៀបព្យាបាល (ថ្នាំគ្រាប់ រឺថ្នាំចាក់)?
  • តើការព្យាបាលត្រូវការពេលយូរប៉ុណ្ណា?
  • ពេលណាទើបខ្ញុំដឹងថាជាសៈស្បើយពីជំងឺរលាកថ្លើមប្រភេទ C
  • តើអាចនឹងមានផលប៉ះពាល់នៃថ្នាំអ្វីខ្លះ?
  •  ប្រសិនបើខ្ញុំភ្លេចទទួលទានថ្នាំម្តង រឺទទួលទានលើសចំណុសដោយចៃដន្យ តើខ្ញុំគួរធ្វើយ៉ាងណា?
  •  តើអ្វីនឹងកើតឡើងប្រសិនបើខ្ញុំទទួលទានថ្នាំសំរាប់ព្យាបាលជំងឺដទៃទៀតក្នុងពេលតែមួយ?
  • តើអ្វីនឹងកើតឡើងប្រសិនបើខ្ញុំបញ្ឈប់ការព្យាបាលភ្លាមៗ?
  • តើការព្យាបាលចំណាយអស់ប្រាក់ប៉ុន្មាន?
  • តើខ្ញុំអាចទៅរកជាវថ្នាំបានពីទីណា?
  • តើខ្ញុំត្រូវទៅជួបនឹងវេជ្ជបណ្ឌិតញឹកញាប់យ៉ាងណាកំឡុងពេលកំពុងព្យាបាលនោះ?
  • តើខ្ញុំនៅតែអាចរួមភេទបានដែររឺទេ?
  • តើខ្ញុំអាចធ្វើដំណើរទៅក្រៅប្រទេសបានដែររឺទេក្នុងកំឡុងពេលព្យាបាលនោះ?
  • តើពេលកំពុងទទួលការព្យាបាលនេះនឹងប៉ះពាល់ដល់ការងារ និងជីវិតគ្រួសាររបស់ខ្ញុំដែររឺទេ?

៣.១០ ការទទួលបានការព្យាបាល ពេលវេលា និងការប្តេជ្ញាខិតខំប្រឹងប្រែង

ការត្រៀមខ្លួនជាស្រេចសំរាប់ការព្យាបាល គឺមានសារៈសំខាន់ណាស់ ។

វិធី/ថ្នាំព្យាបាលប្រភេទថ្មីៗ មានភាពងាយស្រួលក្នុងការលេប និងមានផលប៉ះពាល់នៃថ្នាំតិចជាងមុន ។ ក៏ប៉ុន្តែដើម្បីអោយការព្យាបាលមានប្រសិទ្ធិភាព អ្នកត្រូវតែប្តេជ្ញាចិត្តទទួលទានថ្នាំតាមដែលវេជ្ជបណ្ឌិតប្រាប់ និងទទួលទានអោយគ្រប់ពេលកំណត់ ។

៣.១១ តើអ្នកណាខ្លះអាចចេញវេជ្ជបញ្ជាសំរាប់ព្យាបាល ជំងឺរលាកថ្លើមប្រភេទ C?

វេជ្ជបណ្ឌិត (GP) អាចចេញវេជ្ជបញ្ជា និងគ្រប់គ្រងការព្យាបាលប្រភេទថ្មីៗនៃជំងឺរលាកថ្លើមប្រភេទ C ដោយមានការពិគ្រោះជាមួយនិងពេទ្យឯកទេសម្នាក់ ។ ក៏ប៉ុន្តែមិនមែនគ្រប់វេជ្ជបណ្ឌិតទាំងអស់អាចធ្វើការព្យាបាលបានទេ ហេតុដូច្នេះហើយអ្នកត្រូវតែសាកសួរជាមួយនិងវេជ្ជបណ្ឌិតជាមុនសិន ។

សំរាប់តារាងរាយនាមវេជ្ជបណ្ឌិតក្នុងរដ្ធញូវសោធន៍វែលដែលអាចចេញវេជ្ជបញ្ជាព្យាបាលជំងឺរលាកថ្លើមប្រភេទ C បានសូមចូលទៅកាន់គេហទំព័រ www.hep.org.au/services-directory/

អ្នកនឹងត្រូវជួបនិងពេទ្យឯកទេសជំងឺថ្លើម ប្រសិនបើអ្នកមានជំងឺក្រិនថ្លើម រឺជំងឺថ្លើមដទៃទៀត រឺមានបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងៗទៀត និងអ្នកដែលធ្លាប់ទទួលការព្យាបាលជំងឺរលាកថ្លើមប្រភេទ C ។ វេជ្ជបណ្ឌិតរបស់អ្នកអាចនឹងធ្វើការវាយតំលៃសុខភាពរបស់អ្នកជាដំបូង ហើយនឹងបញ្ជូនអ្នកអោយទៅជួបនិងពេទ្យឯកទេសជំងឺថ្លើមប្រសិនបើចាំបាច់ ។ អ្នកអាចជួបនឹងពេទ្យឯកទេសជំងឺថ្លើម និងទទួលបានការព្យាបាលជំងឺរលាកថ្លើមប្រភេទ C នៅគ្លីនិកថ្លើមនៅតាមមន្ទីរពេទ្យនានា ។

៣.១២ តើខ្ញុំត្រូវតែជួបនឹងវេជ្ជបណ្ឌិត កំឡុងពេលកំពុងទទួលការព្យាបាល ដែររឺទេ?

អ្នកនឹងត្រូវជួបនិងវេជ្ជបណ្ឌិតរបស់អ្នកនៅពេលចាប់ផ្តើម និងពេលបញ្ចប់ការព្យាបាល ។ ហើយក្នុងករណីខ្លៈវេជ្ជបណ្ឌិតរបស់អ្នកអាចនឺងអោយអ្នកមកជួប ៤សប្តាហ៍ក្រោយពេលចាប់ផ្តើមការព្យាបាល ។ ករណីមួយៗគឺខុសគ្នា ហេតុដូច្នេះហើយអ្នកគួរតែសួរវេជ្ជបណ្ឌិតរបស់អ្នកថាតើអ្នកត្រូវជួបគាត់ក្នុងកំឡុងពេលព្យាបាល និងថាតើអ្នកត្រូវធ្វើតេស្តណាខ្លៈទៀតដែររឺទេ។

អ្នកក៏ត្រូវតែធ្វើការពិនិត្យសុខភាព ១២សប្ដាហ៍ក្រោយពេលព្យាបាលចប់ ។ វេជ្ជបណ្ឌិតរបស់អ្នកនឹងធ្វើតេស្តឈាមដើម្បីពិនិត្យមើលថាតើការព្យាបាលមានប្រសិទ្ធិភាពដែររឺទេ ។ មនុស្សភាគច្រើននឹងជាសៈស្បើយ លើកលែងតែប្រហែលជា ១០ភាគរយដែលមិនជា ។

ប្រសិនបើអ្នកមានបញ្ហាទាក់ទងនឹងផលប៉ះពាល់នៃថ្នាំ អ្នកគួរតែពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នកដើម្បីស្វែងរកដំណោះស្រាយ ។ ប្រសិនបើអ្នកមានបញ្ហាចងចាំក្នុងការលេបថ្នាំ វេជ្ជបណ្ឌិតរបស់អ្នកអាចជួយរកវិធីដោះស្រាយបញ្ហានេះបាន ។

ប្រសិនបើអ្នកត្រូវការចាប់ផ្ដើមទទួលទានថ្នាំដទៃទៀត វាមានសារៈសំខាន់ណាស់ដែរអ្នកធ្វើការពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នកជាមុនសិន ពីព្រោះថាវាអាចប៉ៈពាល់ដល់ថ្នាំព្យាបាលជំងឺរលាកថ្លើមប្រភេទ C របស់អ្នក ។

៣.១៣ តើខ្ញុំអាចទទួលបានថ្នាំព្យាបាលពីទីណា?

ករណីភាគច្រើន អ្នកអាចរកទិញថ្នាំព្យាបាលជំងឺរលាកថ្លើមប្រភេទ C នៅតាមឱសថស្ថានក្នុងតំបន់របស់អ្នក ។ ក៏ប៉ុន្តែ មិនមែនគ្រប់ឱសថស្ថានទាំងអស់មានលក់ថ្នាំទាំងអស់នេះទេ ហេតុដូច្នេះហើយអ្នកត្រូវតែសាកសួរជាមុនសិន ។ សំរាប់តារាងរាយនាមឱសថស្ថាននៅជិតអ្នកដែលមានលក់ថ្នាំព្យាបាលជំងឺរលាកថ្លើមប្រភេទ C សូមចូលទៅកាន់គេហទំព័រ https://www.hep.org.au/services-directory/

ប្រសិនបើអ្នកត្រូវបានកំពុងព្យាបាលដោយពេទ្យឯកទេសជំងឺថ្លើមនៅគ្លីនិកថ្លើមក្នុងមន្ទីរពេទ្យ អ្នកអាចនឹងត្រូវទៅឱសថស្ថាននៅក្នុងមន្ទីរពេទ្យនោះដើម្បីទិញថ្នាំរបស់អ្នក ។ ពេទ្យឯកទេសជំងឺថ្លើមរបស់អ្នកនឹងប្រាប់អ្នកពីទីកន្លែងដើម្បីទិញថ្នាំ ។

អ្នកអាចទិញថ្នាំម្តងបានត្រឹមតែសំរាប់ ៤សប្តាហ៍ប៉ុណ្ណោះ ហើយករណីភាគច្រើនអ្នកត្រូវធ្វើការបញ្ជាទិញជាមុន ។

វាមានសារៈសំខាន់ណាស់ដែលអ្នកទទួលទានថ្នាំជាប្រចាំដោយមិនមានចន្លោះ ហេតុដូច្ចេះហើយអ្នកគួរតែទិញថ្នាំសំរាប់លេបបន្តទៀតទុកមុននឹងអស់ ។

៣.១៤ ការគ្រប់គ្រងផលប៉ះពាល់នៃថ្នាំ

អ្នកជំងឺភាគច្រើនដែលទទួលទានថ្នាំប្រភេទថ្មីទាំងនេះមិនមានផលប៉ះពាល់នៃថ្នាំទេ ។ អ្នកខ្លះអាចមានផលប៉ះពាល់តិចតួច ។

ផលប៉ះពាល់នៃថ្នាំអាចរួមមានដូចជា អស់កម្លាំង ឈឺក្បាល វិលមុខ ចង់ក្អួត រមាស់ស្បែក និងពិបាកសំរាន្ត ។ ប្រសិនបើអ្នកមានផលប៉ះពាល់នៃថ្នាំណាមួយ ចូរកុំឈប់ទទួលទានថ្នាំរបស់អ្នក ហើយពិភាក្សាជាមួយនិងវេជ្ជបណ្ឌិតរបស់អ្នកដើម្បីរកវិធីដោះស្រាយ ។

អ្នកទទួលទានថ្នាំ Ribavirin រឺនិង Pegylated Interferon អាចនឹងមានផលប៉ះពាល់នៃថ្នាំច្រើន ក៏ប៉ុន្តែជាទូទៅវាមិនចាប់ផ្តើមធ្វើទុក្ខរហូតដល់ទៅប៉ុន្មានសប្តាហ៍ក្រោយពេលព្យាបាល ។

បញ្ហាចំបងដើម្បីទប់ទល់ នឹងផលប៉ះពាល់នៃថ្នាំដែលមកពីការព្យាបាលជំងឺរលាកថ្លើមប្រភេទ C គឺការរក្សា អាកប្បិរិយាជាវិជ្ជមាន និងស្វែងរកជំនួយ។ នេះជាពេលដែលលោកអ្នកត្រូវ សំរាកកាយនិង បន្ធូរអារម្មណ៍។

ខាងក្រោមនេះជាផលប៉ះពាល់ទូទៅ នៃថ្នាំ Ribavirin និង Pegylated Interferon និងវិធីខ្លះៗ ក្នុងការទប់ទល់ នឹងការធ្វើទុក្ខនេះ ។

treatmenttablekhmer

៣.១៥ ការថែទាំខ្លួនក្នុងកំឡុងពេលកំពុងទទួលការព្យាបាល

មនុស្សភាគច្រើនមិនមានផលវិបាកអ្វីច្រើនទេកំឡុងពេលទទួលបានការព្យាបាល និងអាចបន្តការរស់នៅជីវិតគ្រួសារ និងប្រកបការងាររកស៊ីជាធម្មតា ។ ក៏ប៉ុន្តែ ប្រភេទថ្នាំដែលអ្នកប្រើប្រាស់សំរាប់ការព្យាបាល និងបញ្ហាសុខភាពផ្សេងទៀតដែលអ្នកមាន អាចធ្វើអោយការព្យាបាលជំងឺរលាកថ្លើមប្រភេទ C របស់អ្នកមានការពិបាលជាងធម្មតា ។ ខាងក្រោមនេះជាវិធីខ្លៈដែលអាចជួយអ្នកអោយរស់នៅស្រួល កំឡុងពេលការព្យាបាល៖

ការហាត់ប្រាណ

ការហាត់ប្រាណ ជួយបន្ថយភាពល្ហិតល្ហៃពីការព្យាបាល ហើយក៏ធ្វើអោយយើងមានអារម្មណ៍ល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ។ ការហាត់ប្រាណស្រាលៗជារៀងរាល់ថ្ងៃដូចជាការដើរ ការហែលទឹក ការថែទាំសួន ការពត់ខ្លួនយឺតៗ តាយជី យ៉ូហ្គា ។

ការសំរាកលំហែកាយ

ជីវិតរាល់ថ្ងៃគឺមានការរវល់ខ្លាំងណាស់ ។ ពេលខ្លៈវាមានការលំបាក ក្នុងការចងចាំពេលលេបថ្នាំ គ្រប់គ្រងផលប៉ះពាល់នៃថ្នាំ ការជួបនឹងពេទ្យ ប្រកបការងារ និងរក្សាជីវិតរស់នៅប្រចាំថ្ងៃ ។ ឆ្លៀតទុកពេលវេលាសំរាប់សំរាកលំហែកាយអាចជួយ។ ហេតុដូច្នេះហើយចូរអ្នកសាក សមាធិ ដើរលេងក្នុងសួន និយាយគ្នាលេងជាមួយមិត្តភ័ក្ត្រ រឺសកម្មភាពណាមួយទៀតដែលអាចជួយអោយអ្នកមានអារម្មណ៍សប្បាយ និងមានភាពវិជ្ជមាន ។

អាហារដែលមានជីវជាតិ

រក្សាការបរិភោគអាហារដែលមានជីវជាតិ ជាកត្តាចំបងដែល ធ្វើអោយយើងមានកំលាំងស្ថិតស្ថេរ មានសុខភាពទូទៅល្អ និងមានអារម្មណ៍ល្អផងដែរ។ បរិភោគអាហារដែលមានជាតិខ្លាញ់ ស្ករ និងអំបិលតិច ជាការល្អបំផុតហើយចូលចងចាំហូបទឹកអោយបានច្រើន។

សុរានិងគ្រឿងញៀនដទៃទៀត

ប្រសិនបើលោកអ្នកសេពសុរា គួរតែបន្ថយអោយតិច ជាង ៧ កែវស្តង់ដារ (Standard drinks បរិមាណដែលគេកំណត់) ក្នុងមួយសប្តាហ៍។ ចំពោះអ្នកដែលមានជំងឺក្រិនថ្លើម គឺមិនត្រូវសេពសុរាទាល់តែសោះ។

ថ្នាំញៀនខ្លះ អាចធ្វើអោយខូចថ្លើម ឬបង្កអោយមានការលំបាកដល់ការគ្រប់គ្រងការព្យាបាលរបស់អ្នក។ ចូរអ្នកជូនដំណឹងទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកប្រើប្រាស់ថ្នាំញៀនណាមួយ ពីព្រោះថាវាអាចមានផលប៉ៈពាល់ដល់ការព្យាបាលជំងឺរលាកថ្លើមប្រភេទ C របស់អ្នក ។

ចៀសវាងមេរោគរលាកថ្លើមប្រភេទផ្សេងៗ

វេជ្ជបណ្ឌិតជាច្រើនផ្តល់ឱវាទដល់ អ្នកមានជំងឺរលាកថ្លើមប្រភេទ C អោយចាក់ថ្នាំការពារ មេរោគរលាកថ្លើមប្រភេទ A និងប្រភេទ B។ ទោះបីមេរោគទាំងនេះខុសៗគ្នា តែវាប៉ះពាល់ដល់ថ្លើមដូចគ្នា។

តើខ្ញុំអាចធ្វើដំណើរទៅបរទេសខណៈពេលកំពុងទទួលការព្យាបាលដែររឺទេ?

ពេលណាដែលអ្នកបានចាប់ផ្តើមការព្យាបាលជំងឺរលាកថ្លើមប្រភេទ C វាគឺជា ការចាំបាច់ណាស់ដែលអ្នកមិនត្រូវផ្អាកការព្យាបាលជាបណ្តោះអាសន្នឡើយ នេះគឺដើម្បីអោយការព្យាបាលបានទទួល លទ្ធផលដែលល្អបំផុត ។ មានចំណុចជាច្រើន ដែលអ្នកគួរពិចារណានៅពេលអ្នកមាន គំរោងទៅបរទេស ខណៈពេលដែលអ្នកកំពុងធ្វើការព្យាបាលជំងឺរលាកថ្លើមប្រភេទ C ៖

  • ជូនដំណឹងដល់វេជ្ជបណ្ឌិតរបស់អ្នកពីគំរោងអ្នក ។ ធ្វើដូច្នេះអ្នកអាចគ្រោងរៀបចំតំរូវការថ្នាំរបស់អ្នកជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នក។
  • ប្រសិនបើការព្យាបាលរបស់អ្នករួមមានការចាក់ថ្នាំ អ្នកត្រូវតែធ្វើការរៀបចំសារ៉ាំងនិងម្ជុលសំរាប់ពេលធ្វើដំណើររបស់អ្នក ។ ការយកម្ជុលនិងសារ៉ាំងតាមខ្លួនពេលធ្វើដំណើរ អាចនឹងត្រូវការសំបុត្របញ្ជាក់ពី វេជ្ជបណ្ឌិតរបស់អ្នក ។ សំបុត្រនោះនឹងបញ្ជាក់ពីប្រភេទថ្នាំ របៀបប្រើ និងតំរូវអោយរក្សាទុកកន្លែងត្រជាក់ ។
  • ត្រូវរៀបចំថ្នាំព្យាបាលជំងឺរលាកថ្លើមប្រភេទ C អោយបានគ្រប់គ្រាន់សំរាប់កំឡុងពេលធ្វើដំណើរ ។ នៅប្រទេសជាច្រើនថ្នាំទាំងនេះមិនមានលក់ទេ ឬបើមានលក់ក៏មានតំលៃថ្លៃណាស់ ។ ត្រូវស្វែងយល់ពីប្រទេសដែលអ្នកទៅនោះ គឺដើម្បីគិតគូររកមធ្យោបាយក្នុងករណីថ្នាំត្រូវបាត់បង់ ឬខូចខាតនោះ ។
  •  តែងយកថ្នាំព្យាបាលជំងឺរលាកថ្លើមប្រភេទ C និងថ្នាំពេទ្យផ្សេងៗដាក់ក្នុងវ៉ាលីយួរដៃ ប្រការវ៉ាលីផ្សេងៗបាត់ឬត្រូវពន្យាពេល ។ ប្រសិនបើថ្នាំរបស់អ្នកតំរូវអោយទុកកន្លែងត្រជាក់ ចូរប្រើស្បោងត្រជាក់ដែលមានកញ្ចប់ទឹកកក។ ហើយនៅពេលអ្នកទៅដល់គោលដៅ អ្នកត្រូវដាក់ថ្នាំនៅក្នុងទូទឹកកករក្សាភាពត្រជាក់ ។
  • វាមានសារៈសំខាន់ណាស់ដែលអ្នកការពារកុំអោយឆ្លងមេរោគរលាកថ្លើមដទៃទៀត ហេតុដូច្ចេះហើយចូរពិភាក្សា ជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីការចាក់ថ្នាំការពារ មេរោគរលាកថ្លើមប្រភេទ A និងប្រភេទ B ។
  •  ត្រូវប្រយ័ត្នប្រយែងពីម្ហូបអាហារ ជាពិសេសទឹកហូប ចៀសវាងការរាគរូស និងឆ្លងជំងឺនានា។

៣.១៦ ការគាំទ្រ

វាអាចនឹងមានប្រយោជន៍ប្រសិនបើមានការគាំពារល្អមុននឹងទទួលបានការព្យាបាល ជាពិសេសបើការព្យាបាលរបស់អ្នករួមមានថ្នាំដែលមានផលប៉ះពាល់នៃថ្នាំច្រើន (Ribavarin and Pegylated Interferon) ។

ក្រុមគ្រួសារ មិត្តភ័ក្ត្រ និងបុគ្គលិកសេវាសុខភាព យល់ពីការពិបាកដែលអ្នកកំពុងឆ្លងកាត់ ហើយអាចផ្តល់ជំនួយដល់អ្នក ។ ពួកគេអាចជួយបាន ប្រសិនបើអ្នកត្រូវការអ្នករំលឹកពេលទទួលទានថ្នាំ និងអាចផ្តល់កំលាំងចិត្តដល់អ្នកបន្តការព្យាបាលនៅពេលដែលអ្នកអស់កំលាំងចិត្ត ។

ប្រសិនបើអ្នកមិនចង់ប្រាប់អ្នកដទៃអំពីជំងឺរលាកថ្លើមប្រភេទ C របស់អ្នក ចូរពិភាក្សាជាមួយនិងវេជ្ជបណ្ឌិតរបស់អ្នក រឺក៏អង្គការជំងឺរលាកថ្លើមក្នុងតំបន់របស់អ្នកអំពីសេវាគាំទ្រនានាដែលអាចរកបាន ។

 
Disclaimer | Site map | How to use this site | Contact MHAHS