Health System (Khmer)

 

៤.១ ប្រព័ន្ធសុខាភិបាលនៅប្រទេសអូស្ត្រាលី

ប្រព័ន្ធសុខាភិបាលគឺជាពាក្យ សំរាប់រៀបរាប់ពី កិច្ចបំរើជាច្រើន និងអង្គការនានា ព្រមទាំងអ្នកផ្តល់កិច្ចបំរើផ្នែកថែរក្សាសុខភាពផ្សេងៗក្នុងសង្គម។ ក្នុងនោះរួមទាំង វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អ្នកឯកទេសជំងឺផ្សេងៗ មន្ទីរពេទ្យ អ្នកធ្វើការផ្នែកសង្គមកិច្ច (សង្គមការី) អ្នកបកប្រែ និងកិច្ចបំរើសុខភាពផ្សេងៗ។

ការស្វែងរកពត៌មាន និងកិច្ចបំរើនានា ហាក់ដូចជាការងារមួយដ៏ធំធេញ ជាពិសេសពេលលោកអ្នកកំពុងមិនស្រួលខ្លួន ឬមិនសូវចេះភាសាអង្គគ្លេសនោះ។ ចំពោះអ្នកមានជំងឺរលាកថ្លើមប្រភេទ C អ្នកអាចនឹងត្រូវប្រើកិច្ចបំរើសុខភាព ដែលអ្នកមិនធ្លាប់ប្រើពីមុនមក។ ជាការប្រសើរបើយើង ដឹងពីកិច្ចបំរើសុខភាពដែលមាននិង របៀបប្រើវានោះ។

វេជ្ជបណ្ឌិតរបស់អ្នក គិលានុបដ្ឋាយិកា រឺបុគ្គលិកជំនាញផ្នែកសុខភាពផ្សេងៗទៀត យល់ច្បាស់អំពីប្រព័ន្ធសេវាសុខភាពយ៉ាងច្បាស់ ។ ពួកគេអាចណែនាំប្រាប់អ្នកអំពី មន្ទីរពេទ្យ គ្លីនិក និងសេវាសុខភាពផ្សេងៗមួយណាដែលមាននៅក្នុងតំបន់របស់អ្នក ។

៤.២ មុខងារបុគ្គលិកសុខភាព ក្នុងការព្យាបាលជំងឺរលាកថ្លើមប្រភេទ C

វេជ្ជបណ្ឌិត (GPs)

នៅប្រទេសអូស្ត្រាលី មនុស្សភាគច្រើនតែងទៅជួបវេជ្ជបណ្ឌិត នៅពេលគេមានបញ្ហាសុខភាព។ ពេលជួបវេជ្ជបណ្ឌិត អ្នកគួរសួរពត៌មានពីជំងឺរលាកថ្លើមប្រភេទ C និងការព្យាបាល ។

វេជ្ជបណ្ឌិត (GPs) អាចចេញវេជ្ជបញ្ជា និងគ្រប់គ្រងការព្យាបាលប្រភេទថ្មីៗនៃជំងឺរលាកថ្លើមប្រភេទ C ដោយមានការពិគ្រោះជាមួយនិងពេទ្យឯកទេសម្នាក់ ។ អ្នកភាគច្រើនអាចទទួលការព្យាបាលដោយផ្ទាល់ពីវេជ្ជបណ្ឌិត ។ ក៏ប៉ុន្តែប្រសិនបើអ្នកមានជំងឺក្រិនថ្លើម រឺជំងឺថ្លើមដទៃទៀត រឺមានបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងៗទៀត និងអ្នកដែលធ្លាប់ទទួលបានការព្យាបាលជំងឺរលាកថ្លើមប្រភេទ C អ្នកនឹងត្រូវបញ្ជូនទៅគ្លីនិកជំងឺថ្លើម រឺពេទ្យឯកទេសសំរាប់ការព្យាបាលរបស់អ្នក ។

អ្នកអាចនឹងជ្រើសរើសវេជ្ជបណ្ឌិតដែលនិយាយភាសារបស់ខ្លួន ឬវេជ្ជបណ្ឌិតដែលនៅក្បែរផ្ទះ ឬកន្លែងធ្វើការ គឺមានប្រយោជន៍បំផុត ពេលធ្វើការព្យាបាលជំងឺរលាកថ្លើមប្រភេទ C។

ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នក bulk bills មានន័យថាលោកអ្នកមិនត្រូវបង់ប្រាក់ទេ គឺពីព្រោះថា Medicareបង់ថ្លៃអោយវេជ្ជបណ្ឌិតដោយផ្តាល់។ ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកមិន bulk bills ទេ គឺយើងត្រូវបង់ប្រាក់អោយវេជ្ជបណ្ឌិតជាមុនសិន រួចទើបអាចទាមទារយក ប្រាក់ខ្លះមកវិញពី Medicare។

គ្លីនិកជំងឺថ្លើម

គ្លីនិកជំងឺថ្លើមជាផ្នែកមួយនៃមន្ទីរពេទ្យ ដែលមានផ្តល់នូវការព្យាបាល និងសេវាគាំទ្រដល់អ្នកដែលមានជំងឺថ្លើមដែលមានថ្លើមក្រិន មានបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងៗទៀត រឺអ្នកដែលធ្លាប់ទទួលបានការព្យាបាលជំងឺរលាកថ្លើមប្រភេទ C មួយដងរួចមកហើយ ។

មានគ្លីនិកថ្លើមនៅតាមក្រុងធំៗ និងតំបន់តូចតាចដ៍ទៃដទៃទៀត ។ លោកអ្នកអាចទាក់ទង គ្លីនិកដោយខ្លួនឯងដើម្បីធ្វើការណាត់ជួប ប៉ុន្តែដើម្បីចូលជួបផ្ទាល់ត្រូវការសំបុត្របញ្ជាក់ (លិខិតបញ្ជូន) ពីវេជ្ជបណ្ឌិតរបស់អ្នក ។

គ្រូពេទ្យឯកទេស

ពេទ្យឯកទេស គឺជាវេជ្ជបណ្ឌិតដែលត្រូវបានហាត់ហ្វឹកហ្វឺនជំនាញពិសេស ផ្នែកជំងឺណាមួយ។ សំរាប់ជំងឺរលាកថ្លើមប្រភេទ C មានគ្រូពេទ្យឯកទេសជំងឺថ្លើម។ គ្រូពេទ្យឯកទេសជំងឺថ្លើមខ្លះមាន មូលដ្ឋាននៅគ្លីនិកថ្លើម ឯខ្លះទៀតមាននៅកន្លែងឯកជន។ ដើម្បីជួបគ្រូពេទ្យឯកទេស លោកអ្នក ត្រូវមាន សំបុត្របញ្ជាក់ (លិខិតបញ្ជូន) ពីវេជ្ជបណ្ឌិតរបស់អ្នក ហើយត្រូវធ្វើការណាត់ជួប។

គ្រូពេទ្យឯកទេសនៅគ្លីនិកថ្លើមអាចនឹង bulk bill (ដោយប្រើ Medicare) សំរាប់ការណាត់ជួប ។ ដូច្នេះលោក អ្នកមិនបាច់បង់ប្រាក់ពេលធ្វើការប្រឹក្សាទេ។

គ្រូពេទ្យឯកទេសនៅគ្លីនិកឯកជនភាគច្រើនមិន bulk bill ។ ក៏ប៉ុន្តែមានខ្លៈ bulk bill ចំពោះអ្នកមាន Health Care Cards ។

គ្រូពេទ្យឯកទេសជំងឺផ្សេងៗដែលកំពុងហាត់ហ្វឹកហ្វឺន

គ្រូពេទ្យឯកទេសជំងឺផ្សេងៗដែលកំពុងហាត់ហ្វឹកហ្វឺន ជាវេជ្ជបណ្ឌិតដែលកំពុងហាត់ហ្វឹកហ្វឺនបន្ថែម ដើម្បីក្លាយជាគ្រូពេទ្យឯកទេស។ នៅពេលខ្លះ លោកអ្នកត្រូវជួបគ្រូពេទ្យឯកទេសជំងឺផ្សេងៗដែលកំពុងហាត់ហ្វឹកហ្វឺនជំនួសគ្រូពេទ្យឯកទេស នៅគ្លីនិកថ្លើមនោះ។ គ្រូពេទ្យឯកទេសជំងឺផ្សេងៗដែលកំពុងហាត់ហ្វឹកហ្វឺន ធ្វើការក្រោម ការគ្រប់គ្រងផ្ទាល់របស់គ្រូពេទ្យឯកទេស។

គិលានុបដ្ឋាយិកា

គិលានុបដ្ឋាយិកាមានតួនាទីខុសៗគ្នាទៅតាមគ្លីនិកជំងឺថ្លើមនីមួយៗ ។ នៅតាមគ្លីនិកខ្លៈគិលានុបដ្ឋាយិកា នឹងផ្តល់ពត៌មានស្តីអំពីជំងឺរលាកថ្លើមប្រភេទ C និងបកស្រាយប្រាប់អ្នកអំពីការព្យាបាលរបស់អ្នក និងព្រមទាំងជួយអ្នកគ្រប់គ្រងផលប៉ះពាល់នៃថ្នាំ ។ ខណៈពេលដែលនៅតាមគ្លីនិកខ្លៈ គិលានុបដ្ឋាយិកាអាចនឹងធ្វើការវាយតំលៃសុខភាពអ្នកពេលជួបជាដំបូង និងធ្វើតេស្តឈាមរបស់អ្នក រឺធ្វើតេស្ត Firbroscan អោយអ្នក ។

អ្នកបកប្រែ

អ្នកបកប្រែផ្នែកសុខភាពអាចកំដរអ្នកនៅពេលអ្នកជួបនឹងវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកជំនាញផ្នែកសុខភាពផ្សេងៗទៀត ដែលរួមចំណែកក្នុងការព្យាបាលរបស់អ្នក ។ អ្នកបកប្រែមានមុខងារ បកប្រែអ្វីៗទាំងអស់ដែលលោកអ្នក និយាយឆ្លើយឆ្លងគ្នាជាមួយបុគ្គលិកសុខភាពផ្សេងៗ។

ចូរអ្នកប្រាប់ទៅអ្នកទទួលភ្ញៀវនៅគ្លីនិករបស់អ្នកថាអ្នកត្រូវការអ្នកបកប្រែនៅពេលអ្នកធ្វើការណាត់ជួបនិងវេជ្ជបណ្ឌិត ។

អ្នកបកប្រែ មិនអាចចូលលូកលាន់ ក្នុងការពិភាក្សារបស់អ្នកឡើយ។ ដោយការប្រើអ្នកបកប្រែ លោកអ្នកអាចៈ

  • យល់នូវអ្វីៗដែលគេប្រាប់
  • អ្វីៗដែលលោកអ្នកនិយាយ គេនឹងយល់ជាប្រាកដ
  • សួរសំនួរនិងទទួលចំឡើយ និង
  • អាចយល់ដឹងនិង យល់ព្រមក្នុងការធ្វើតេស្ត ឬធ្វើការព្យាបាល

មនុស្សជាច្រើនមិនចង់ប្រើអ្នីកបកប្រែទេ ជាពិសេសសំរាប់បញ្ហាផ្ទាល់ខ្លួន ឬបញ្ហាសុខភាពផ្សេងៗ។ លោកអ្នក ប្រហែលជាបារម្ភថាអ្នកបកប្រែនឹងអាចជាអ្នកដែល យើងស្គាល់ក្នុងសហគមន៍ ឬមិត្តភក្តិដែលមិនដឹងថាយើង មានជំងឺរលាកថ្លើមប្រភេទ C។ អ្នកបកប្រែក៏ដូចបុគ្គលិកសុខភាពដទៃទៀតដែរត្រូវប្រកាន់ខ្ជាប់ភាព សំងាត់របស់លោកអ្នក។

ចៀសវាង ប្រើអ្នកបកប្រែដែលគ្មានសញ្ញាប័ត្រ ពួកគេប្រហែលមិនបានគិតពី សារៈប្រយោជន៍ នៃការរក្សាភាពសំងាត់ ហើយប្រហែលជាមិនបានទាំងហាត់ហ្វឹកហ្វឺន ពីច្បាប់បកប្រែ អោយបានត្រឹត្រូវផង ជាពិសេសពត៌មានវេជ្ជសាស្ត្រ។ លោកអ្នកអាចអោយមិត្តភក្តិឬបងប្អូនចូលរួមបានពេលណាត់ជួបដើម្បីផ្ដល់ទឹកចិត្ត។ តែទោះជាយ៉ាងនេះក្តី ពួកគេមិនអាចបកប្រែបានទេ។

កិច្ចបំរើបកប្រែតាមទូរស័ព្ទ ក៏មានគ្រប់កន្លែងទូទាំងប្រទេសអូស្ត្រាលី។ បណ្តាញទូរស័ព្ទ នឹងភ្ជាប់ រវាងលោកអ្នក បុគ្គលិកសុខភាព និងអ្នកបកប្រែ។ កិច្ចបំរើនេះហៅថា កិច្ចបំរើបកប្រែតាមទូរស័ព្ទ TIS (Telephone Interpreter Service) ហើយយើងអាចប្រើវា តាមរយៈលេខទូរស័ព្ទ ១៣១ ៤៥០។ នេះជាកិច្ចបំរើដោយឥតគិតថ្លៃ ព្រមទាំងមិនបាច់ធ្វើការណាត់ជួបជាមុនទេ។

បុគ្គលិកសង្គមកិច្ច និងបុគ្គលិកផ្តល់ឱវាទ

ការគាំទ្រពីមិត្តភ័ក្ត្រ ក្រុមគ្រួសារ និងប្តីរឺប្រពន្ធរបស់អ្នកគឺមានភាពចាំបាច់ ក៏ប៉ុន្តែពេលខ្លៈអ្នកអាចនឹងត្រូវការនិយាយជាមួយនរណាម្នាក់ទៃទៀត ដែលយល់ពីការឈឺជំងឺរលាកថ្លើមប្រភេទ C ។ កិច្ចបំរើជាច្រើន ដូចជា អង្ការជំងឺរលាកថ្លើម មន្ទីរពេទ្យ និងគ្លីនិកជំងឺថ្លើម តែងមាន អ្នកផ្តល់ឱវាទនិង អ្នកធ្វើការ ផ្នែកសង្គមកិច្ច ដែលលោកអ្នក អាចពិភាក្សាជាមួយ អំពីបញ្ហាជំងឺរលាកថ្លើមប្រភេទ C និងការព្យាបាលរបស់អ្នក។

ការជួបនឹងអ្នកផ្តល់ឱវាទនិង អ្នកធ្វើការផ្នែក សង្គមកិច្ច មិនមែនមានន័យថា យើងមិនអាច ទ្រាំទ្រនឹងឆាកជីវិតយើងនោះទេ។ ផ្ទុយទៅវិញការផ្តល់ឱវាទ ផ្តល់ឱកាសអោយយើងបញ្ចេញអារម្មណ៍ និងរកដំណោះស្រាយនូវការលំបាកដែលយើងបានជួបប្រទះ។ ចង់បានការផ្តល់ឱវាទ ឬអត់ វាគឺអាស្រ័យលើការសំរេចចិត្តរបស់លោកអ្នក ។

អ្នកផ្តល់ឱវាទឬអ្នកធ្វើការផ្នែកសង្គមកិច្ចអាចៈ

  • ជួយលោកអ្នកក្នុងការស្វែងរក កិច្ចបំរើនានាដែលសម រម្យ
  • ជួយផ្គត់ផ្គង់ផ្នែកសតិអារម្មណ៍
  • ជួយយើងធ្វើការសំរេចចិត្តថា គួរប្រាប់នរណាអំពីរោគវិនិច្ឆ័យនោះ
  • ចូលរួមក្នុងការណាត់ជួបខ្លះជាមួយអ្នក
  • ពន្យល់ពីបញ្ហាខ្លះៗ ដែលអ្នកមិនយល់

បុគ្គលិកជំនាញផ្នែកចំណីអាហារ

បុគ្គលិកជំនាញផ្នែកចំណីអាហារផ្តល់ឱវាទ ខាងម្ហូបអាហារនិងជីវជាតិ។ ពួកគេតម្រូវអាហារផ្សេងៗទៅ តាមសេចក្តីត្រូវការ របស់មនុស្សម្នាក់ៗ (ឧទាហរណ៍ រោគទឹកនោមផ្អែម ការសំរកទំងន់ ការតម្លើងទំងន់ បញ្ហាបេះដូង ការប្រតិកម្មអាហារ បញ្ហាការហូប អង្គធាតុខ្លាញ់ក្នុងឈាមកំរិតខ្ពស់) ទាំងនេះអាច មានប្រយោជន៍សំរាប់អ្នកកើតជំងឺរលាកថ្លើមប្រភេទ C ដែលរស់នៅប្រកបដោយ ផាសុខភាព។

ចូរចងចាំថា៖

បុគ្គលិកសុខភាព ត្រូវទទួលខុសត្រូវ ក្នុងការផ្តល់ពត៌មាន ដោយវិធីផ្សេងៗ អោយ អ្នកយល់ដឹង។ ប្រសិនបើមានអ្វីដែលលោកអ្នកមិនយល់ គួរសួរអោយគេបញ្ជាក់ម្តងទៀត ឬ សួររកអ្នកបកប្រែ។

ទន្ទឹមនឺងនេះដែរ លោកអ្នកត្រូវទទួលខុសត្រូវក្នុងការប្រាប់វេជ្ជបណ្ឌិត នូវសុខភាពពីអតីតកាលឬបច្ចុប្បនកាល ក៏ដូចជាថ្នាំដែលអ្នកកំពុងលេប រួមទាំងថ្នាំបុរាណចិនសែ ការចាក់ម្ជុលវិទ្យាសាស្ត្រ homeopathy ការព្យាបាលដោយថ្នាំ ឫសឈើ វីតាមីននិងថ្នាំជំនួយកំលាំងនានា។

ប្រសិនបើលោកអ្នក មិនអាចរក្សា ការណាត់ជួបតាមពេលកំណត់ទេ ត្រូវផ្តល់ដំណឹងដល់ បុគ្គលិករក្សាសុខភាព ជាពិសេស គ្រូពេទ្យឯកទេសជំងឺថ្លើម អោយបានឆាប់ដែលអាចធ្វើទៅបាន។

៤.៣ តើការមានជំងឺរលាកថ្លើមប្រភេទ C អាចប៉ះពាល់ ដល់ស្ថានភាពអន្តោប្រវេសន៍៍ខ្ញុំដែរទេ?

ការមានជំងឺរលាកថ្លើមប្រភេទ C គួរតែមិនប៉ះពាល់ ដល់ស្ថានភាពអន្តោប្រវេសន៍អ្នកទេ នៅប្រទេសអូស្ត្រាលី។ ទោះជាយ៉ាងនេះក្តី អ្នកដាក់ពាក្យសុំសិទ្ធិរស់នៅជាអចិន្ត្រៃយ៍ទាំងអស់ ត្រូវតំរូវអោយជាប់ផ្នែក សុខភាព រួមទាំងតេស្តហេច្ឆអាយវី (HIV test) តេស្ត ថតដើមទ្រូងដោយកាំរស្មីអិច (chest x-ray)។ ច្បាប់និងបទបញ្ជាទាំងឡាយ សំរាប់សុំសិទ្ធិរស់នៅ គឺមានការស្មុគស្មាញ។ ជាការចាំបាច់ដែល ត្រូវស្វែងរកឱវាទផ្នែកផ្លូវច្បាប់ពីភ្នាក់ងារ អន្តោប្រវេសន៍ ដែលមានសញ្ញាប័ត្រត្រឹមត្រូវ ជាជាងពឹងពាក់លើគ្រួសារ ឬមិត្តភក្តិ។